ថ្ងៃច័ន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមីរ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
សណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប៖ នាថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានធានធនធានមនុស្សនៃក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពី «ការប្រមូលធាតុចូលលើការរៀបចំផែនទីបង្ហាញផ្លូវ សម្រាប់អភិវឌ្ឍប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស (HRMIS)» ក្រោមអធិបតីភាព លោក ង៉ោ ប៉េងឡុង អគ្គនាយករងនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ និងជាអនុប្រធានគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP) ដោយមានចូលរួមពីមន្ត្រីអង្គភាពថ្នាក់កណ្តាល និងប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យបុគ្គលិក និងមន្ត្រីជំនាញទទួលបន្ទុកការងារប្រព័ន្ធHRMIS នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង២៥ សរុបមានចំនួន ៩៣នាក់ ស្រី០៥នាក់ ។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង
- ដើម្បីស្វែងយល់ និងប្រមូលព័ត៌មានលម្អិតអំពីតម្រូវការ បញ្ហាប្រឈម និងការរំពឹងទុករបស់បណ្តាអគ្គនាយកដ្ឋាន/នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស
- ស្វែងរកធាតុចូលសំខាន់ៗ ដើម្បីធានាថាប្រព័ន្ធ HRMIS ថ្មី នឹងមានមុខងារគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងការងារគ្រប់គ្រងបុគ្គលិក ចាប់តាំងពីការជ្រើសរើស ការបណ្តុះបណ្តាល ការវាយតម្លៃការងារ រហូតដល់ការចូលនិវត្តន៍
- ពិនិត្យលទ្ធភាពក្នុងការតភ្ជាប់ និងបន្ស៊ីទិន្នន័យរវាងប្រព័ន្ធ HRMIS ជាមួយប្រព័ន្ធបច្ចេកវិទ្យាដែលមានស្រាប់ក្នុងស្ថាប័ន ដូចជា ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ (EMIS) និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ (EFMS) ក៏ដូចជាប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការរបស់ក្រសួងមុខងារសាធារណៈ សំដៅជៀសវាងការធ្វើការជាន់គ្នា និងភាពមិនច្បាស់លាស់នៃទិន្នន័យ
- បង្កើតវេទិកាពិភាក្សា និងផ្លាស់ប្តូរយោបល់ បច្ចេកទេសរវាងអ្នកជំនាញបច្ចេកវិទ្យាព័ត៌មាន (IT) និងអ្នកគ្រប់គ្រងធនធានមនុស្ស (HR) ដើម្បីបង្កើតប្រព័ន្ធមួយដែលមានលក្ខណៈងាយស្រួលប្រើប្រាស់ (User-Friendly) និងមានសុវត្ថិភាពខ្ពស់
- យកធាតុចូលទាំងអស់មកវិភាគ ដើម្បីរៀបចំអាទិភាព និងបែងចែកដំណាក់កាលនៃការអភិវឌ្ឍប្រព័ន្ធ (Phase-by-Phase Implementation) ទៅតាមកម្រិតថវិកា ធនធានមនុស្ស និងបច្ចេកវិទ្យា
- ធានាថាផែនទីបង្ហាញផ្លូវ (Roadmap) នេះ មានភាពច្បាស់លាស់ អាចអនុវត្តបានពិតប្រាកដ និងស្របតាមគោលនយោបាយបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនិងស្ថាប័ន។
នាយកដ្ឋានធនធានមនុស្ស
២៦ កក្កដា ២០២៦|សណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប